នេះគឺជាទស្សនះនិងមត្តិខ្លះៗដែលបានបញ្ចេញពីមិត្តអ្នកអានរបស់យើង។
ហ៊ុន សែន៖ ការចរចាបញ្ហាព្រំដែនទ្វេភាគីមិនអាចដោះស្រាយបាន
ដោយ យន់ សាមៀន 2010-08-09
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃច័ន្ទ ទី៩ ខែសីហា បានថ្លែងជាសាធារណៈថា យន្តការចរចាទ្វេភាគីពីបញ្ហាជម្លោះព្រំដែននៅតំបន់ក្បែរប្រាសាទខ្មែររវាងកម្ពុជា និងថៃ ត្រូវបានជាប់គាំងមិនអាចដោះស្រាយបានទេ។
AFP/TANG CHHIN SOTHY
លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
លោក ហ៊ុន សែន ទាមទារឲ្យមានសន្និសីទអន្តរជាតិមួយដើម្បីដោះស្រាយជម្លោះព្រំដែនរវាងខ្មែរ និងថៃ ដោយកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីស្នើឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើមានការវាយប្រហារពីសំណាក់ប្រទេសថៃ។
អ្នកច្បាប់ អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្ស សម រង្ស៊ី បានស្វាគមន៍ចំពោះវិធានការរដ្ឋាភិបាលកម្ពុជា ចំពោះការដាក់ពាក្យបណ្ដឹងទៅកាន់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការគំរាមរបស់ប្រទេសថៃថា នឹងប្រើប្រាស់កម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែនតំបន់ក្បែរប្រាសាទព្រះវិហារ។
មន្ត្រីអ្នកច្បាប់ អ្នកវិភាគនយោបាយ និងមន្ត្រីជំទាស់ បានលើកឡើងថា បណ្ដឹងរដ្ឋាភិបាលកម្ពុជា បានផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ពីព្រោះការដោះស្រាយទ្វេភាគីកន្លងមកវាគ្មានលទ្ធផលអ្វីទាំងអស់៕